នគរខ្មែរ:
ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខ!
នាថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងសមរភូមិទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។ ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តនៅទីតាំង ៣ កន្លែងនៃខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងវីរកងទ័ពកម្ពុជាតាមគោលដៅនីមួយៗ។
ក្នុងពេលប្រគល់អំណោយនោះ ឯកឧត្ដមបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខរបស់វីរកងទ័ពទាំងអស់។ ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏បានថ្លែងនូវការគោរពដឹងគុណចំពោះយុទ្ធជនទាំងអស់របស់កម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ប្រឆាំងនឹងអំពើឈ្លានពានដ៏ឃោរឃៅរបស់ប្រទេសថៃ មកលើកម្ពុជា។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា សង្រ្គាមរយៈពេល ២១ ថ្ងៃនេះ កងទ័ពកម្ពុជាបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្រាញននៀល ប្រឆាំងនឹងកងទ័ពសៀមដែលបានបើកការវាយប្រហារយ៉ាងសន្ធាប់ដោយមិនរើសអើងចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងបានបំផ្លិចបំផ្លាញ ប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ថ្វីត្បិតពេលនេះ ការប្រយុទ្ធគ្នាមានភាពស្ងប់ស្ងាត់ ដែលជាលទ្ធផលនៃការចរចាបទឈប់បាញ់ ប៉ុន្តែវីរកងទ័ពកម្ពុជា ក៏នៅតែបន្តឈរជើងយ៉ាងអង់អាច ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដែលតម្រូវឱ្យយើងទាំងអស់គ្នានៅសមរភូមិក្រោយ ត្រូវតែបន្តរួមគ្នាគាំទ្រនិងឧបត្ថម្ភទាំងសម្ភារ និងស្មារតី។ ការនាំយកអំណោយមកនេះ បញ្ជាក់ពីស្មារតីគាំទ្រ និងការផ្សារភ្ជាប់គ្នាជានិច្ចរវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ហើយឆ្លុះបញ្ចាំងពីសាមគ្គីភាពខ្មែរតែមួយដើម្បីប្រយុទ្ធប្រឆាំងសត្រូវឈ្លានពាន ការពារបូរណភាពទឹកដី និងរក្សាសុខសន្តិភាព ជូនជាតិនិងប្រជាពលរដ្ឋរបស់យើង។
ជាការឆ្លើយតប តំណាងវីរកងទ័ព ក៏បានថ្លែងអំណរគុណ ជូនដល់ឯកឧត្តម និងសមាជិកសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់ ដែលតែងតែចុះមកជួយឧបត្ថម្ភគាំទ្រជាប្រចាំ ដល់កម្លាំង ជួរមុខដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន ហើយប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការតស៊ូការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ជាដាច់ខាត ក្រោមការដឹកនាំដ៏វៃឆ្លាតនិងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
អំណោយ សម្រាប់ប្រគល់ជូនវីរកងទ័ព នាឱកាសនេះ រួមមាន៖ ឧបករណ៍ផ្ទុកអគ្គិសនី និងបន្ទះសូឡាសម្រាប់សាកថ្ម ៤៤ ឈុត, ម៉ាសការពារផ្សែងពុល ២០០០ ឈុត, តម្រងបន្ថែមសម្រាប់ប្ដូរម៉ាសការពារផ្សែងពុល ៤ កេស ស្មើ ៥០០ គូ, អង្ករ ១២ តោន, ទឹកសុទ្ធ ៨០០ កេស, កញ្ចប់ Kits ចំនួន ២៨០០ កញ្ចប់ (ក្នុង Kits នីមួយៗ មាន នំទាហាន ៥ កញ្ចប់, មី ១០ កញ្ចប់, ត្រីងៀតចម្អិនរួច ១ កន្ទុយ, សាច់ក្រកចម្អិនរួច ៥ ដុំ, ត្រីខ ២ កំប៉ុង, បាយក្ដាំង ២ កញ្ចប់, អំបុក ២ ដប, ពងទាប្រៃ ៤ គ្រាប់, គ្រាប់ចន្ទី ២00 ក្រាម, ទឹកដោះគោស្រស់ ១ យួរ ស្មើ ៤ ប្រអប់តូច, ទឹកដោះគោខាប់ ២ កំប៉ុង, ទឹកក្រូច ៣ កំប៉ុង, បារី ១០ កញ្ចប់, ថ្នាំ Vitamin Berocca ១ ទីប, ថ្នាំបំបាត់ការឈឺចាប់ ២ បន្ទះ, កាហ្វេ ១០ កញ្ចប់, ស្ករចាហួយ ២ កញ្ចប់តូច) និងថវិកា ៤០ លានរៀល។ ក្រៅពីនេះ ក៏មានការប្រគល់នូវរថយន្តចំនួន ៧ គ្រឿង និងទោចក្រយានយន្ត ចំនួន ៧ គ្រឿង ដល់យោធភូមិភាគទី៥ ដែលមានអង្គភាពកងទ័ពប្រចាំសមរភូមិទិសខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យផងដែរ ។
បន្ថែមលើការប្រគល់អំណោយដោយផ្ទាល់ជូនវីរកងទ័ព ឯកឧត្ដមបណ្ឌិត គុណ ញឹម ក្នុងនាមសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានប្រគល់អំណោយមួយចំនួនជូនលោក ឈន វ៉ាន់ឌី ដែលជាសកម្មជនស្ម័គ្រចិត្តក្នុងការដឹកជញ្ជូនស្បៀងនិងសម្ភារនានាទៅចែកជូនវីរកងទ័ពជួរមុខ ដល់ទីតាំងកៀកជិតនឹងសមរភូមិប្រយុទ្ធតែម្តង។ អំណោយទាំងនោះ រួមមាន៖ មី ១០០ កេស, ទឹកសុទ្ធ ១០០ កេស, អង្ករ ៥០០ គីឡូក្រាម, កញ្ចប់ Kits ចំនួន ១០០ កញ្ចប់ និងថវិកា ៤ លានរៀល។
គួរបញ្ជាក់ថា កន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់បានយកអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារនានា ជូនដល់វីរកងទ័ពជួរមុខកម្ពុជា ក៏ដូចជាជូនដល់ប្រជាពលរដ្ឋភៀសសឹកជាច្រើនលើករួចមកហើយ ចាប់តាំងពីមានភាពតានតឹង និងការប៉ះទង្គិចគ្នាជាមួយយោធាសៀម។ លើសពីនេះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សមាគមក៏បាននាំយករថយន្តចំនួន ១៥គ្រឿង និងទោចក្រយានយន្ត ចំនួន ២១ គ្រឿង ប្រគល់ជូនអង្គភាពកងទ័ពប្រចាំសមរភូមិទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យផងដែរ។ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្តេជ្ញាបន្តនាំយកនូវអំណោយដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ.....៕
www.knkndaily.com.kh


0 Comments:
Post a Comment
KKK