ឯកឧត្តម ហេង សួរ បាននាំយកអំណោយរបស់សប្បុរសជន ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិត ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្តល់ជូនវីរកងទ័ព គ្រួសារវីរកងទ័ព និងបងប្អូនភៀសសឹក
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំមន្រ្តីក្រសួង តំណាងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅក្នុងខេត្តបន្ទាយមានជ័យ។
អំណោយទាំងនេះ ត្រូវបានប្រគល់ជូនឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមព្រំដែន និងគ្រួសារកងទ័ព។
តាមរយៈម្ចាស់ជំនួយតាមបណ្ដាសហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ដែលបានស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយបាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ ដោយឯកឧត្តម ហេង សួរ បានថ្លែងថា សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នា ទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត ឯកឧត្តម ឌិត ទីណា និងឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពនាពេលនេះ។ ឯកឧត្តមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។
អំណោយ ដែលបានត្រូវប្រគល់ជូននាពេលនេះរួមមាន៖ រថយន្ត Pick up ចំនួន ១គ្រឿង, ថវិកាចំនួន ៤០ ០០០ ០០០រៀល, អង្ករ ចំនួន ៣តោន, ត្រីងៀត ចំនួន ១តោន, សាច់គោងៀត ចំនួន ១តោន, សាច់ក្រក ចំនួន ១តោន, ខ្ទឹមស ចំនួន ៥តោន, បារីសេក ចំនួន ១ ០០០សុង, ទឹកក្រូច Pepsi 330ml ចំនួន ១ ០០០កេស, ទឹកក្រូច Cambodia Cola 330ml ចំនួន ១ ០០០កេស, តង់(4mx6m) ចំនួន ៣០០តង់, ម៉ាស ចំនួន ២០ ០០០ម៉ាស, អាវដៃវែង អាវដៃខ្លី(ប្រុស/ស្រី) និងខោខ្លី(ស្រី) ចំនួន ១ ៥០០, ទឹកផ្លែឈើចិន ចំនួន ៥៥កេស, មីចិន ចំនួន ៨៣កេស, ស្ពៃក្តោប ចំនួន ២ថង់ធំ, ខ្ទឹមបារាំង ចំនួន ២បាវ, ដំឡូង ចំនួន ១បាវ, នំផ្អែមសាំងវិច ចំនួន ២០កេស (៣ ៦០០កញ្ចប់), នំស្នេហាជាតិ ចំនួន ២០០កេស (៦ ០០០នំ), នំរាជនី ចំនួន ១០កេស (១ ២០០កញ្ចប់) និងចេកអំបូងលឿង ចំនួន ៥០កេស៕
www.knkndaily.com.kh






0 Comments:
Post a Comment
KKK